នាទីឈ្វេងយល់ព្រះពុទ្ធសាសនាលើកទី៤០៨

ការឈ្វេងយល់អំពី កាមគុណ ៥ យ៉ាង ដែលមាន រូប សម្លេង ក្លិន រស ផោដ្ឋព្វ គឹជាប្រធានបទក្នុង នាទីឈ្វេង យល់ ព្រះពុទ្ធសាសនា លើកទី ៤០៨ ហើយបានលើក ឡើងខ្លះៗ មកហើយក្នុងសប្តាហ៍ មុន ។

ក្លិន ទាំងឡាយដែលគប្បីដឹងដោយច្រមុះ ក្លិនទាំងឡាយមានក្រអូបខ្លះ ស្អុយខ្លះ សាយភាយ មកកាន់ ច្រមុះរបស់យើង តែដោយអំណាចនៃតណ្ហាក៏ធ្វើ ឱ្យចិត្ត រីករាយ ចំពោះក្លិនក្រអូប ហើយកើតទោមនស្ស ចំពោះក្លិនស្អុយ។ តែតាមសេចក្តីពិត ក្លិនមានសភាព ផ្សេងគ្នាជាធម្មជាតិ របស់វា​រីឯចិត្តដែលប្រកាន់ យកនូវក្លិននោះៗ ថាពេញចិត្តនិងមិនពេញចិត្ត ជាធម្មជាតិរបស់ កិលេស ។ បុគ្គលដែលសម្បូរ ដោយកិលេស រមែងយកក្លិនជាឧបករណ៍សម្រាប់ ញ៉ាំងសេចក្តី ត្រេកអររបស់ខ្លួន ។ រស ទាំងឡាយ ដែលបុគ្គលគប្បីដឹង ដោយអណ្តាត។ រសនិងអណ្តាត ជាគូគ្នា បើខ្វះណាមួយក៏ មិនអាច ធ្វើឱ្យបុគ្គលដឹង នូវរសនោះបានឡើយ ។ បុគ្គលគប្បីដឹងនូវ ហេតុបច្ច័យនៃការដឹងនូវ រស បើពុំដូច្នោះទេ សេចក្តីជាប់ជំពាក់ក្នុងរស រមែងកើនច្រើនឡើង បានព្រោះតែខ្វះបញ្ញា ។ បើរសឆ្ងាញ់ សេចក្តីជាប់ជំពាក់​ រមែងចម្រើនឡើង ផ្ទុយទៅវិញបើរសមិនឆ្ងាញ់ សត្វលោក មិន​ប្រាថ្នាហើយ មានទោមនស្សខ្លាំង ។ តែបើបុគ្គល បានអប់រំចម្រើនបញ្ញា បានឃើញនូវរស និងអណ្តាត និងជិវ្ហាវិញ្ញាណ នាំឱ្យកើតផស្សៈ ដឹងថាឆ្ងាញ់ ឬមិនឆ្ងាញ់ ដូច្នេះការដឹងនូវរសនេះ ជាធម្មសុទ្ធប្រកបដោយ ហេតុនិង បច្ច័យ ទើបកើតឡើង ព្រះអរិយៈ លោកមានបញ្ញាឃើញ ដូច្នេះទើបមិនមានការជាប់ជំពាក់ក្នុងរស ។ សម្ផស្ស ទាំងឡាយដែលគប្បី ដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីជាប់ចិត្ត មាន សភាពជាទី ស្រឡាញ់ អាស្រ័យនូវកាមជាហេតុ នៃសេចក្តី ត្រេកអរ គ្រាន់តែអាននូវពុទ្ធវចនៈ ខាងក្រោមនេះ យើងអាចយល់ បានថា ព្រោះតែកាមគឺ សេចក្តីបា្រថ្នាត្រេកអរ ទើបសត្វ លោក ពេញចិត្ត គិតថាគួរឱ្យស្រឡាញ់។ បើសត្វលោកមិន ប្រាថ្នា ចង់បានឬទេ របស់ជាទីស្រឡាញ់ ពេញចិត្តមិន មានឡើយ ។ តាមពិតកាយប៉ះផ្ទុបនឹងវត្ថុអ្វីមួយ ទើបកើត កាយវិញ្ញាណ ការប្រជុំ ចុះនៃកាយ វត្ថុ និងកាយវិញ្ញាណ ទើបកើតផស្សៈ ។ សម្ផស្សមាននោះត្រូវត្រង់សេចក្តីប្រាថ្នា របស់ខ្លួន។ ដូច្នេះបើសត្វលោកលះបង់នូវកាម (សេចក្តីប្រាថ្នា) បានហើយ រមែងនៅជាសុខ។ សេចក្តីនៅ ក្នុងកាមគុណ ៥ យ៉ាងនេះ ប្រៀបបានដូចជា ការអេះនូវ រមាស់ នៅពេលរមាស់ គេអេះ នៅពេលអេះមាន អារម្មណ៍សុខស្រួល សត្វលោកដែលជាប់ ជំពាក់ក្នុង កាមគុណ៥ រមែងសំគាល់នូវ សេចក្តីសុខស្រួល នៃការអេះរមាស់ ថាជាសុខដ៏ក្រៃលែង ហើយសម្បាយ នឹងការអេះរមាស់ទៅវិញ អត់ខំរកថ្នាំព្យាបាល រមាស់ នោះឡើយ។ តណ្ហាក្នុងកាមគុណ ៥ ជារមាស់ រីឯបុថុជ្ជនជាអ្នកអេះ ចំណែកឯព្រះអរិយបុគ្គល ជាអ្នកព្យាបាលរមាស់ មិនត្រេកអរ និងការអេះឡើយ ។

No comments:

Post a Comment